ចាន់ វឌ្ឍនាកា ៖ ខ្ញុំត្រូវប្រឹងលេង ដើម្បីក្លឹបនិង ក្រុមជម្រើសជាតិ ឲ្យពលរដ្ឋជប៉ុន ស្គាល់ពី កីឡាកម្ពុជា


ភ្នំពេញ ៖ កីឡាករជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា បានសន្យាចំពោះមុខលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាថា ខ្លួននឹងត្រូវតែខិតខំប្រឹងលេង ដើម្បីក្លឹប និងក្រុមជម្រើសជាតិ ដើម្បីឲ្យ​ប្រជាជនជប៉ុនបានស្គាល់ពីសមត្ថភាពកីឡាករជើងថ្មី ក្នុងក្លឹប Fujieda MYFC សមាជិកលីកលំដាប់ទី៣ របស់ជប៉ុន ។
ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបំណងពីការលេងក្នុងលីកលំដាប់ទី២ ឬលីកកំពូលជប៉ុនចាន់ វឌ្ឍនាកា ខិតខំប្រឹងប្រែងលេងឲ្យពីសមត្ថភាព ក៏ដូចជាបច្ចេកទេស ដែលខ្លួនធ្លាប់បានប្រើដើម្បីរកគ្រាប់ នាពេលកន្លងមក ឲ្យប្រជាជនជប៉ុនបានដឹង នៅក្នុងឱកាសកីឡាកររបស់ក្លឹបបឹងកេតអង្គររូបនេះ ទៅចូលរួម លេងក្នុងក្លឹប Fujieda MYFC សមាជិកលីកលំដាប់ទី៣ របស់ជប៉ុន។
ការប្តេជ្ញារបស់កីឡាកររួបនេះ ត្រូវបានធ្វើឡើងនៅគ្រា ដែលឯកអគ្គរាជទូតជប៉ុន បានអនុញ្ញាតឲ្យកីឡាករចាន់ វឌ្ឍនាកា  ជួបសំដែងការគួរសម នៅទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅការិយាល័យទូតជប៉ុនមុន ចាន់ វឌ្ឍនាកា ឡើងយន្តទៅជប៉ុននៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈចុងសប្តាហ៍នេះ។
លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានសង្កត់ធ្ងន់ថា “ការខំប្រឹងលេងឲ្យអស់ពី សមត្ថភាពក៏ដើម្បីបង្ហាញពីមោទនភាពរបស់កម្ពុជាផងដែរ នៅលើទឹកដីនៃប្រទេស ដែលរីកចំរើនខាងវិស័យ បាល់ទាត់ ប្រចាំទ្វីបអាស៊ីមួយនេះ ក្នុងនាមជាកីឡាករកម្ពុជាដំបូងដែលបានទៅលេងនៅទឹកដី នៃប្រទេសជប៉ុន។
លោកថា ចាន់ វឌ្ឍនាកា ត្រូវមានទំនាក់ ទំនងល្អជាមួយនឹងកីឡាករបរទេសដទៃទៀត និងសហការគ្នា ដើម្បី ទទួល ជ័យជំនះ នៅក្នុងការប្រកួតនីមួយៗផងដែរ”។
ឯកអគ្គរាជទូត HORINOUCHI បានបញ្ជាក់ថា “វត្តមានរបស់ ចាន់ វឌ្ឍនាកា នៅទឹកដីជប៉ុនក្នុងរយៈពេល ១ឆ្នាំពេញ នេះ ក៏បានធ្វើឲ្យប្រជាជនយល់ដឹងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា និងរឹតចំណង ការទូតរវាងប្រទេស កម្ពុជា និងជប៉ុងផងដែរ”៕