NASA ​បញ្ជូន​យាន​ដ៏​អស្ចារ្យ​មួយ​ទៅ​ក្បែរ​ព្រះអាទិត្យ​ អាច​ទ្រាំទ្រ​នឹង​កម្ដៅ​ជាង​មួយ​ពាន់​អង្សា​


NASA ​ក៏​កំពុង​ត្រៀម​រៀបចំ​ការ​បញ្ជូន​យាន​ស្រាវជ្រាវ​​ពិសេស​មួយ​ឈ្មោះ​ Parker ​ទៅ​កាន់​បរិយាកាស​ក្បែរ​ព្រះអាទិត្យ​ផង​ដែរ​ ដើម្បី​សិក្សា​អំពី​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ព្រះអាទិត្យ​ និង​ដើម្បី​ស្វែង​យល់​នូវ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ធ្វើ​ចំពោះ​បញ្ហា​អាកាស​ធាតុ​នៃ​ភព​ផែនដី ។ យាន​ Parker​ អាច​ទ្រំ​ទ្រ​នឹង​សីតុណ្ហភាព​ ១៣៧១​ អង្សា​ និង​អាច​ទប់ទល់​ជា​មួយ​នឹង​ការ​ប៉ះទង្គិច​បំណែក​តូច​ៗ​ដែល​ហោះ​ហើរ​ក្នុង​អវកាស​ រហូត​ដល់​អាច​ទ្រាំ​ទ្រ​នឹង​កាំរស្មី​ដ៏​មាន​អនុភាព​ក្នុង​ពេល​ស្ថិតនៅ​ចម្ងាយ​ ៧​ លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ។​
អវកាសយានិក​ NASA​ អ្នក​ស្រី ​Peggy Whitson ​ដែល​ជា​អវកាស​យានិក​ សហរដ្ឋ​អាមេរិក​ មាន​បទពិសោធន៍​ច្រើន​ក្នុង​អវកាស​ កំពុង​ដឹកនាំ​បេសកកម្ម​នៅ​លើ​ស្ថានីយ​យាន​អវកាស​អន្តរ​ជាតិ​ ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែ​ មិថុនា ។​ ក្នុង​បទសម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ អ្នកស្រី​ Whitson ​បាន​រៀបរាប់​អំពី​ការ​ប្រឈម​នៃ​ជីវិត​​ទាំង​ក្នុង​អវកាស ​និង​នៅ​លើ​ផែនដី ​ពិសេស​គឺ​ស្រទាប់​ការពារ​ផែនដី​ កាន់​តែ​ស្ដើង​ ។​ អ្នក​ស្រី​បញ្ជាក់​ថា ​អ្នក​ដែល​បាន​ស្រាវជ្រាវ​​ដោយ​ស្ថិត​នៅ​លើ​ទី​អវកាស​ទើប​បាន​ដឹង​ច្បាប់​ថា​ តើ​ភពផែន​ដី​ងាយ​នឹង​ទទួល​រងគ្រោះ​ប៉ុណ្ណា ​ដែល​ទាមទារ​ឲ្យ​មនុស្ស​ត្រូវ​តែ​ប្ដេជ្ញា​ការពារ​ជាទីបំផុត ។​
ដោយឡែក​ បទពិសោធន៍​នៃ​ការ​ស្ថិត​នៅ​លើ​អវកាស​ ទាំង​ផ្នែក​រាងកាយ​ និង​ស្មារតី​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​បេសកកម្ម​ទៅ​កាន់​ភព​អង្គារ​នៅ​ពេល​អនាគត ។​ អ្នកស្រី​ Whitson ​សង្ឃឹម​ថា​ រដ្ឋបាល​អវកាស ​និង​អាកាសចរ​ជាតិ ​ឬ ​NASA ​នឹង​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ភព​អង្គារ​នៅ​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ​ ២០៣០​ ហើយ​ការ​ប្រឈម​ធំ​បំផុត​នៃ​បេសកកម្ម​ភព​អង្គារ​គឺ​រលក​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ​នៅ​លើ​ភព​ក្រហម​នោះ​ ជា​កន្លែង​ដែល​បរិយាកាស​មិន​អាច​ការពារ​​ជីវិត​ទប់ទល់​នឹង​កាំរស្មី​ព្រះអាទិត្យ​បាន​ឡើយ ។​
ប្រភព៖ kqube