ខេត្តកំពង់ចាម ៖ ហេតុការណ៍ដែលកំពុងភ្ញាក់ផ្អើល និងល្បីតៗគ្នាតាមបណ្តាញសង្គមfacebook ដោយគេបានចែករំលែកគ្នាពីមួយទៅមួយស្ទើរពេញប្រទេសថា មានករណីចាប់ក្មេងវះពោះយកក្រលៀននៅភូមិកោះមិត្ត «ខ» ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលនេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ដែលការពិតក្មេងប្រុសដែលល្បីនោះ មានសុខភាពល្អ បានមករៀននៅសាលារៀនបឋមសិក្សាហ៊ុន ណេង កោះមិត្តធម្មតា ។
អ្នកគ្រូ សួង ថារី បង្រៀននៅថ្នាក់ទី៣ «ក» សាលាបឋមសិក្សាខាងលើបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ កក្កដា ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺមានបណ្តាញហ្វេសបុកបានបង្ហោះទាំងរូបភាព និងសារជាសំលេង ដោយបានបោកប្រាស់សាធារណជនថា ជាសំឡេងរបស់គាត់និយាយថា «ទះថ្នាំធ្វើឲ្យក្មេងសិស្សសាលាសន្លប់ហើយរៀបនឹងវះពោះ សំណាងត្រូវបានគ្រូដើរទៅទាន់» ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១២ កក្កដា កន្លងមក ។
អ្នកគ្រូ សួង ថាវី ប្រាប់បន្តថា នៅពេលម៉ោងចេញលេងពេលព្រឹក កូនសិស្សរបស់គាត់ឈ្មោះជឿន គឹមហេង អាយុ១០ឆ្នាំ បាននាំគ្នាដើរទៅលេងនៅវត្តកោះប៉ែន ខណៈនោះមានបុរសម្នាក់បានមកចាប់ដៃសិស្សគាត់មែន ដោយសិស្សនោះបានប្រឹងរើបំរះរួច រត់មកប្រាប់ដល់គ្រូនៅសាលារៀន ហើយលោកនាយក ក៏បានរាយការណ៏៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះមិត្ត ដើម្បីឲ្យជួយអន្តរាគមន៏ចាប់ជនល្មើស បានក្នុងបរិវេណវត្តកោះប៉ែន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។
សិស្សនេះ ត្រូវបានជីតាយកឱ្យយគ្រូពេទ្យចាក់ថ្នាំឱ្យលែងវិលមុខ ជាមួយនោះលោកនាយកក៏បានប្រកាសប្រាប់សិស្សគ្រប់ៗគ្នាថា នៅពេលក្រោយ ប្រសិនបើមានជនណាដែលមិនស្គាល់ ពេលដែលមកហៅ មិនត្រូវតាមគេនោះទេ ដើម្បីចៀសវាង កុំឲ្យមានបញ្ហាកើតឡើង ឬរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីមានវិធានការ ។ ហើយក៏សូមបដិសេធថា សំឡេងដែលគេបង្ហោះតាមហ្វេសបុកនោះ មិនមែនជាសំលេងរបស់គាត់ទេ និងសូមឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជននោះតាមច្បាប់ផងដែរ ។
អ្នកស្រីឆោម វណ្ណៈ អាយុ៣៥ឆ្នាំ ជាម្តាយក្មេងរងគ្រោះប្រាប់ថា ពេលកើតហេតុមិនបានដឹងទេ ដោយជាប់រវល់លក់ដូរនៅផ្ទះក្នុងភូមិ ។ លុះដល់វេលាម៉ោងជិត១១ព្រឹកថ្ងៃទី១២ កក្កដា កូនប្រុសត្រូវបានគេឌុបមកដល់ផ្ទះ លុះពេលដែលមើលនៅលើខ្នងដៃកូនប្រុសឃើញមានស្នាមអុជ៦ ទៅ៧កន្លែងមិនស្រួលខ្លួនថា មានគេមកចាប់ប្រុងដាក់លើម៉ូតូ ហើយកូនគាត់មានការភិតភ័យនឹងយំផង ។ បន្ទាប់មក បានត្រូវជីតាយកទៅចាក់ថ្នាំ និងផឹកតែជ្រួកក្រូចឆ្មាស្រួលខ្លួនវិញ ក្រោយពីបានផឹកបានពី១០ ទៅ១៥នាទីចំពោះហេតុការដែលថា គេចាប់កូនវះពោះនោះមិនបានដឹងទេ សុខភាពកូនរបស់កាគ់សុខភាពធម្មតាវិញហើយ ។
ជនសង្ស័យឈ្មោះម៉ែន យុទ្ធារីម បានឆ្លើយក្នុងកំណត់ហេតុរបស់សមត្ថកិច្ចថា នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១២ កក្កដា ២០១៧ ពេលដែលជិះម៉ូតូមកដល់ត្រង់វត្តកោះប៉ែន ក៏បានចូលឈប់អង្គុយលេងលើបង់ក្នុងវត្ត ដើម្បីឲ្យបាត់ហត់ រួចនឹងបន្តដំណើរទៅផ្ទះប្រពន្ធនៅចុងភូមិកោះប៉ែន«ខ» ។ ស្របពេលនោះបានឃើញក្មេងសិស្សសាលាប្រុស-ស្រីមានគ្នាប្រហែលជាង៥០នាក់ នាំគ្នារត់លេងក្នុងបរិវេណវត្ត ក្នុងពេលនោះ ក៏បានឃើញសិស្សប្រុសតូចម្នាក់អាយុប្រហែល១០ឆ្នាំ បាននាំគ្នារត់លេងដេញគ្នាដោយមើលទៅរាងហត់ ក៏ចាប់ដៃសួរនាំថែមទាំងបាននិយាយថា បើឯងហត់ ចាំអាញ់!ជួយឌុបទៅសាលារៀន ហើយក្មេងនោះបានទាញដៃរលាស់ចេញ រួចរត់សំដៅទៅសាលារៀន ។
បន្ទាប់មក បានឃើញលោកគ្រូអ្នកគ្រូ មកសួរនាំថា អ្នកណាជាអ្នកចាប់ក្មេង គាត់ក៏បានឆ្លើយទៅវិញថា មិនបានចាប់នោះទេគ្រាន់តែចាប់ដៃនិយាយសួរនាំលេងទេ ។ ក្រោយពីគ្រូបានត្រឡប់ទៅសាលាបន្តិច ក្រោយមកមានសមត្ថកិច្ចបានមកហៅគាត់ឲ្យចូលទៅប៉ុស្តិ៍រដ្ឋបាលកោះមិត្តតែម្តង ។
ចំពោះពាក្យចចាមអារ៉ាមដែលល្បីតៗគ្នាថា ចាប់សិស្សសលារៀនវះពោះនោះ គឺជាការបំផ្លើស ខុសពីការពិត មិនមាននោះទេ ។ក្រោយពីមានហេតុការណ៍កើតឡើង លោកនាយកសាលារៀនបឋមសិក្សាហ៊ុន ណេង កោះមិត្ត ក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ហើយប៉ុស្តិ៍រដ្ឋបាលក៏កៀកសាលារៀន នឹងត្រៀមជួយអន្តរាគម៍គ្រប់ពេល។
ប្រភព ៖ kohsantepheapdaily






