ស្រឡាញ់គ្នា ដឹងថាពាក្យ “សង្សារ” មានន័យថាម៉េចទេ?


សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​ស្អប់​គឺជា​ក្រឹត្យ​ក្រម​សាកល​របស់​ធម្មជាតិ​ ​ដែល​ពិបាក​នឹងមាន​សត្វលោក​ណាមួយ​អាចគេចផុត​ពីសំណាញ់​ច្បាប់​លោកនេះណាស់​ ។ ​ខណៈ​ពេល​ដែល​ពិភព​លោក​កាន់តែ​វិវត្តន៍​ទៅមុខ​ឥតឈប់​ឥតស្រាក​ពីមួយ​សម័យកាល​ទៅមួយ​សម័យកាល​ ​បម្រែបម្រួល​នៃ​ចំណង​មនោស​ញ្ចេតនា​របស់​មនុស្ស​​ក៏កាន់​តែ​ផ្លាស់ប្ដូរ​ដោយ​ផ្នត់​គំនិត​ថ្មីៗ​មួយចំនួន​បានចូល​មកទន្ទ្រាន​ផ្លូវចិត្ត​របស់មនុស្ស​ ​ធ្វើឱ្យ​ភាពស្មោះ​ត្រង់​ក្នុង​ផ្លូវមនោសញ្ចេតនា​របស់​មនុស្ស​មានភាព​មិន​ប្រក្រតី​ជាប្រចាំ​ ​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានអំពើ​ផិតក្បត់គ្នា​ ​លួចមាន​សាហាយស្មន់​ ​ប្លន់ប្ដី​ ​ប្លន់ប្រពន្ធ​ ​ឆក់គូ​ដណ្ដឹង​ ​គូជីវិត​របស់​អ្នក​ដទៃយ៉ាង​អនាធិបតេយ្យ​នៅក្នុង​សង្គម​មនុស្សបច្ចុប្បន្ន​ ​។ ​តើនេះ​មកពី​មូលហេតុអ្វី​? ​មានអ្នកខ្លះ​ ​(​ក្នុងចំនួន​ច្រើន​គួរ​សម​ដែរ​)​ ​គេតែង​និយមនិយាយ​ថា​៖ ​គេចង់​បានសុភមង្គល​ ​ចង់បាន​មនុស្សស្មោះ​ ​ដែល​ចេះស្រឡាញ់​គេ​ ​ថ្នាក់ថ្នម​រូបគេអស់​មួយជីវិត​ ​ប៉ុន្តែហេតុអ្វី​បានជា​គេនាំគ្នា​ប្រកាន់យក​នូវវប្បធម៌​សង្សារ​? ​តើអ្វីទៅ​ដែល​ហៅ​ថា​សង្សារ​? 

បើយោង​តាមសម្ដី​របស់អ្នក​និពន្ធសៀវភៅ​ចំណងជើង​៖ “​ហេតុអ្វី​អូនមាន​សង្សារ​ច្រើន​” ​បានកំណត់​និយមន័យ​នៃពាក្យសង្សារ​ ​ដោយយោងតាម​ខ្លឹមសារ​ដែលបាន​សរសេរក្នុង​វចនានុ​ក្រម​ខ្មែរ​ចងក្រង​ដោយសម្ដេច​ព្រះសង្ឃរាជ​, ពាក្យនេះ​មកពីពាក្យ​បាលី​/​សំស្ក្រឹត​ ​(សំសារៈ)​ ​មានន័យថា​៖​ ​ដំណើរ​អន្ទោល​ទៅមក​, ​ដំណើរ​អន្ទោល​កើត​ស្លាប់ៗ​ឥតឈប់ឈរ​, ​ដំណើរ​ស្រឡាញ់​ស្អប់ៗ​, ​ឬដំណើរ​ជួបហើយ​ក៏ព្រាត់ប្រាស់​វិនាសៗ​ ​ឬដំណើរ​សង់ហើយ​ក៏សាចោលៗ​មិនចេះចប់​ ​ដែលពាក្យ​នេះត្រូវបាន​យុវជន​-​យុវតីជំនាន់​ក្រោយៗ​ភាគច្រើន​យកទៅ​ប្រើប្រាស់​ជាញឹកញាប់​នៅក្នុង​ជីវភាព​រស់នៅ​របស់ពួកគេ​ ​ទាំងអ្នក​ខ្លះដឹង​ ​និងមាន​អ្នកខ្លះ​ទៀត​នៅមិនទាន់​យល់​នៅឡើយ​ទេ​ថា​ ​អ្វី​ជាសង្សារ​ ។​ ភាគច្រើន​នៃយុវជន​ទាំងនោះ​ ​ពួកគេ​តែង​និយាយ​ជារឿយៗ​ថា​ពួកគេចង់​បាន​សុភមង្គល​ ចង់បាន​មនុស្ស​ស្មោះ​នឹង​រូប​គេណាស់​ ​ប៉ុន្តែ​នៅពេលដែល​ពួកគេបាន​ជួបមនុស្ស​ណាម្នាក់​គួរជាទី​បេតី​ចូលមក​ក្នុងជីវិត​របស់ខ្លួន​ ​ពួកគេ​បែរទៅ​ជា​រាប់គ្នា​ថា​ជាសង្សារ​ ​ទៅវិញ ​។ ​តើការ​រាប់​គ្នា​ជាសង្សារ​នេះក្នុង​បំណង​ដើម្បី​អ្វីឱ្យ​ប្រាកដ​? ដើម្បី​សុភមង្គល​? ​ឬ​ដើម្បី​បំប៉ន​ចំណង់​តណ្ហា​ស្រើបស្រាល​របស់​ខ្លួន​?
​*​យុវជន​-​យុវតី​ ​គួរមានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​វប្បធម៌​សង្សារ​នេះ​ឱ្យ​មែនទែន​ ៕​
ប្រភព ៖cool1007
តំណរ ៖ http://cool1007.com/article/3701