រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានដាក់គម្រោងមួយស្នើទៅរដ្ឋាភិបាល ឲ្យផ្ដល់ប្រាក់ខែ ២៧៥០បាត(ប្រមាណ ៨២ដុល្លារ) ដល់ប្រជាជនដែលមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ៣ម៉ឺនបាត(៩០០ដុល្លារ) ក្នុងមួយឆ្នាំ។
ប្រសិនបើការស្នើសុំនោះបានសម្រេច រដ្ឋាភិបាលថៃនឹងត្រូវចំណាយប្រមាណ ៤០ពាន់លានបាត(១,២ពាន់លានដុល្លារ) រាល់ឆ្នាំ។ គម្រោងនេះ នឹងចាប់ផ្ដើមនៅខែតុលា ដោយការផ្ទេរលុយដោយផ្ទាល់ចូលទៅក្នុងកុងធនាគាររបស់ប្រជាជននោះតែម្ដង។ យ៉ាងណាក្ដី រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ លោក Somchai Sujjapongse បានអះអាងថា អ្នកចុះឈ្មោះយកប្រាក់ខែនេះ នឹងទទួលបានការបណ្ដុះបណ្ដាល ដើម្បីរកការងារល្អបានធ្វើវិញ មិនមែនចាំប្រាក់ខែរហូតនោះទេ។
លក្ខខណ្ឌដើម្បីទទួលបានប្រាក់ខែ គឺប្រជាជនទាំងនោះត្រូវមានការងារផ្ទាល់ខ្លួន មានចំណូលប្រចាំខែ គ្រាន់តែមិនអាចចំណាយឲ្យសល់បាន ៩០០ដុល្លារក្នុងមួយឆ្នាំ។ ជំនួយប្រចាំខែ នឹងត្រូវផ្ដាច់ភ្លាម នៅពេលពួកគេ អាចប្រកបរបររកចំណូលបានលើសពី ៩០០ដុល្លារឡើងវិញ ហើយរដ្ឋាភិបាលនឹងតាមជួយបណ្ដុះបណ្ដាលពួកគេ។
ប្រភពមួយនៅក្រសួង បានបញ្ជាក់ថា ២៧៥០បាត ល្មមសម្រាប់អ្នកមានចំណូលទាប ចំណាយលើតម្រូវការចាំបាច់៥ គឺ ថ្លៃរថភ្លើង ១ពាន់បាត, ថ្លៃរថយន្តក្រុងទៅខេត្ត ៨០០បាត, ថ្លៃជិះក្នុងក្រុង ៦០០បាត, ថ្លៃភ្លើង ២០០បាត និងថ្លៃទឹក ១៥០បាត។ បន្ទាប់ពីគម្រោងចេញមក ប្រជាជនថៃជាច្រើនបានសម្ដែងការមិនពេញចិត្ត។ អ្នកខ្លះបានបញ្ចេញមតិថា ហេតុអ្វីមិនរកការងារឲ្យធ្វើ ជំនួសការឲ្យលុយ?
ប្រភព៖ http://www.angkorpost.net/?p=4577