មើលជីវិត និងរូបរាងបច្ចុប្បន្ន របស់ អ៊ុំ គន្ធា កាន់តែស្គមទៅ មើលមិនចង់ស្គាល់!

ភ្នំពេញ៖ អតីតតារាចម្រៀង ធ្លាប់មានភាពលេចធ្លោ តាមរយៈការស្លៀកពាក់ ស៊ិចស៊ី អ្នកនាង អ៊ុំ គន្ធា ក្រោយពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកនេះ គឺតាមពិតអ្នកនាងបានធ្លាក់ខ្លួនរងទុក្ខវេទនា ជាមួយនឹងមេរោគអេដស៍ ដោយក្នុងនោះ កូនជាទីស្រលាញ់របស់អ្នកនាង ក៏បានឆ្លងជំងឺនេះពីអ្នកនាងផងដែរ។


ជាការពិតណាស់ កាលពីមុនអតីតតារាចម្រៀងយេៗរូបនេះ ធ្លាប់តែឡូយឆាយ លុយចាយមិនខ្វះ ប៉ុន្តែក្រោយពីបាននូវឆ្លងមេរោគដ៏កាចសាហាវនេះហើយ បានធ្វើឲ្យអ្នកនាងអស់ផ្លូវតស៊ូធ្លាក់ខ្លួន រហូតត្រូវរស់នៅលាក់មុខលាក់មាត់ ជាមួយនឹងមេរោគនេះ និងភាពលំបាកវេទនាអស់រយៈពេលជាង១០ឆ្នាំ។
ក្រោយពីស៊ូទ្រាំលែងបាន មកដល់ឆ្នាំ២០១៥ អ្នកនាងបានបញ្ចេញមុខទម្លាយអាថ៌កំបាំងរបស់ខ្លួន ស្វែងរកជំនួយពីសប្បុរសធម៌ និងសុំឱកាសដើម្បីបានឡើងច្រៀងជាថ្មី ដើម្បីរកថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារកំពុងទាល់លំបាក ដែលធ្វើឲ្យមហាជនឃើញហើយអាណិតខ្លោចចិត្ត ជាមួយនឹងស្ថានភាពរបស់នាងជាខ្លាំង។


យ៉ាងណាមិញ បើយោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា កាលពីថ្មីៗនេះ បានឲ្យដឹងថាបច្ចុប្បន្ននេះ ក្រោយពីអ្នកនាង អ៊ុំ គន្ធាទទួលបានជំនួយពីសប្បុរសធម៌ជាច្រើន កាលពីមួយរយៈមុននេះ គឺយើងឃើញថាអ្នកនាង មានផ្ទះរស់នៅសមរម្យសម្រាប់គ្រួសារ ដែលស្ថិតនៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដោយឡែក បើទោះបីជាមានទីជម្រកស្នាក់នៅសមរម្យយ៉ាងណាក្តី ប៉ុន្តែសព្វថ្ងៃនេះ ជីវភាពរស់នៅរបស់អ្នកនាង នៅតែមានភាពខ្វះខាត ដោយទទួលបន្ទុកម្នាក់ឯង ក្នុងការចិញ្ចឹមកូនពីរនាក់ ឯកូនប្រុសពៅក៏មានផ្ទុកមេរោគអេដស៍ រីឯម្តាយក៏មានជំងឺធ្ងន់ថែមទៀតផង។ លើសពីនេះ មើលទៅស្ថានភាពរបស់អ្នកនាង នាពេលបច្ចុប្បន្ន គឺស្គមស្គាំងជាងកាលពី២ឆ្នាំមុនច្រើនមែនទែន៕ 




ប្រភព ៖ khmerload
តំណរ ៖ https://www.khmerload.com/news/63631