ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក និងឥណ្ឌា បានឲ្យដឹងថា ផ្លែគូលែន បានសម្លាប់កុមារជាង ១០០នាក់ក្នុងមួយឆ្នាំ នៅភាគខាងជើងប្រទេសឥណ្ឌា ដោយការបរិភោគ ចូលទៅក្នុងពោះទទេ។
រយៈពេលជាង ២ទសវត្សមកហើយ ដែលកុមារនៅក្នុងតំបន់មួយចំនួន នៃប្រទេសឥណ្ឌា បានប្រកាច់ និង បាត់បង់ស្មារតីមួយរំពេច។ បើតាមការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយ នៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet បានបង្ហាញថា កុមារទាំងនោះបានពុលផ្លែឈើ។
ជនរងគ្រោះភាគច្រើន គឺជាកុមារក្រីក្រ ដែលរស់នៅក្នុងតំបន់ដាំដំណាំគូលែន ក្នុងប្រទេសឥណ្ឌា ហើយបានបរិភោគផ្លែគូលែន ដែលជ្រុះនៅលើដីក្នុងចម្ការ។
គួរបញ្ជាក់ថា ផ្លែគូលែន ផ្ទុកទៅដោយជាតិពុល ដែលរារាំងសមត្ថភាពរាងកាយ ក្នុងការផលិតគ្លុយកូស (Glucose) និងមានផលប៉ះពាល់ដល់កុមារ ដែលកំពុងមានកម្រិតជាតិស្ករទាបស្រាប់ ព្រោះតែមិនបានបរិភោគអាហារពេលល្ងាច។ ពួកគេភ្ញាក់ដឹងខ្លួន និងស្រែកនៅពេលយប់ មុនពេលទទួលរងការញាក់ប្រកាច់ និង សន្លប់បាត់បង់ស្មារតី៕
ប្រភព៖ https://goo.gl/OcZx2b


