ទោះបីយើងចូលចិត្តតាំងរុក្ខជាតិមួយចំនួនក្នុងផ្ទះមិនថាសម្រាប់ការលម្អ ឬសម្រាប់កម្ចាត់ជាតិវិទ្យុសកម្មនោះទេ ប៉ុន្តែយើងត្រូវប្រយ័ត្នពេលជ្រើសរើសប្រភេទរុក្ខជាតិមកតាំងក្នុងផ្ទះ។ រុក្ខជាតិខ្លះបង្កមហន្តរាយ ដោយសារតែសារធាតុគ្រោះថ្នាក់ ឬជាតិពុលនៅក្នុងរុក្ខជាតិនោះ។ រុក្ខជាតិដែលមិនត្រូវតាំងក្នុងផ្ទះដាច់ខាតគឺ រុក្ខជាតិឈ្មោះ Dieffenbachia ឬគេនិយមហៅថា "ស្លឹកឆ្អឹងត្រី"។ រុក្ខជាតិនេះផ្ទុកជាតិពុលដ៏គ្រោះថ្នាក់ឈ្មោះថា Raphide។ ទោះបីជាតិពុលក្នុងរុក្ខជាតិនេះមាន Dose ទាបមិនបង្កផលប៉ះពាល់ខ្លាំងដល់មនុស្សធំ ក៏ប៉ុន្តែវាអាចបង្កបញ្ហាដល់ក្មេងៗ។ ក្រុមវេជ្ជបណ្ឌិតអាមេរិកអះអាងថា អ្នកជំងឺដែលឈឺដោយសារជាតិពុលនេះ ៧០ ភាគរយគឺជាក្មេងអាយុក្រោម ៥ ឆ្នាំ។
ស្លឹករុក្ខជាតិនេះអាចបំពុលក្មេងបានប្រសិនបើក្មេងនោះក្ដិចស្លឹកនេះ រួចបៀមដៃដែលជាប់ទឹកពុលរបស់វា។ ប្រសិនបើស្លឹកនេះមាន Dose ជាតិពុលខ្ពស់ វាអាចសម្លាប់ក្មេង ក្នុងរយៈពេលតែ ១ នាទីប៉ុណ្ណោះ រីឯមនុស្សធំអាចស្លាប់ក្នុងរយៈពេល ១៥ នាទី ប្រសិនបើច្រឡំដៃក្តិចស្លឹកនេះយកមកហូបលេង។
លោកអ្នកនៅតែអាចតាំងវានៅក្នុងផ្ទះបាន ដរាបណាបានណែនាំសមាជិកគ្រួសារទាំងអស់ឱ្យប្រយ័ត្នកុំទទួលទានស្លឹកនេះ ឬប៉ះពាល់ស្លឹកនេះក្នុងមាត់។ ទោះយ៉ាងណា ការពារប្រសើរជាងព្យាបាល ដូច្នេះមិនគួរមានរុក្ខជាតិនេះក្នុងផ្ទះទេ៕
ប្រភព ៖ https://rosemag.net/1735



