កាលពីពេលថ្មីៗនេះ តារាកំប្លែងវ័យក្មេងស្រស់ស្អាតគឺកញ្ញា នីឡា ដែលត្រូវបានមហាជនគ្រប់គ្នាស្គាល់ថាជាកូនស្រីសំណព្វចិត្តរបស់លោក សុវណ្ណ រិទ្ធី ហៅតាវ៊ិចទ័រ ត្រូវបានមហាជនធ្វើការវិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែកញ្ញា នីឡា បានជាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅក្នុងប្រដាល់បែបកំប្លែងនៅលើបណ្តាញទូរទស្សន៍មួយ។ ក្រោយមកលោក សាន សេកសុខុម ដែលធ្លាប់ជាអ្នកនិពន្ធនៅផលិតកម្មសាន់ដេ បានបង្ហោះសារបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដែលថាទង្វើរបស់កញ្ញា នីឡា មិនឲ្យតម្លៃទង់ជាតិខ្មែរ។ បន្ទាប់ពីមានការរិះគន់ពីលោក សាន សេកសុខុម មក អ្នកនាងខ្ញុង ដែលជាតារាកំប្លែងរួមក្រុមជាមួយកញ្ញា នីឡា បានប្រតិកម្មតបទៅលោកវិញ ដោយនិយាយថា “សុំទោសផងបង គ្នាគ្មានចេតនាទេ ណា៎មួយនីឡាប្អូនស្រីនៅក្មេងណាស់ គាត់ក៏ធ្លាប់ចូលរួមការងារជាសង្គមច្រើនណាស់ដែរ ម៉េចក៏មិនលាន់មាត់សសើរ គាត់ផង លោក”។
ថ្មីៗលោក សុីថូ ណាថាន់ ដែលត្រូវបានមហាជនស្គាល់ថាជាអ្នកអត្ថាធិប្បាយកីឡាល្បីឈ្មោះ បានប្រតិកម្មទៅនឹងរឿងរបស់កញ្ញានីឡា ជាន់ទង់ជាតិផងដែរ ហើយបានធ្វើការការបកស្រាយ ចំពោះហេតុការណ៍ដែលបានកើតឡើងថា៖ ខ្ញុំ ស៊ីថូ ណាថាន់ ជាផ្នែកមួយនៃអ្នករៀបចំកម្មវិធីនាពេលនោះ (ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦)។ ខ្ញុំសូមជំរាបជូនលោក អែនឌី កូនខ្មែរអង្គរ និងបងប្អូនទាំងអស់ ទាំងអ្នកយល់ច្រឡំ និងអ្នកមិនយល់ច្រឡំថា រូបភាពនេះបើមើលតាមការ capture screen អ្នកណាៗក៏ខឹងដែរ ថាវាជាការប្រមាថដ៏ធំ។ ខ្ញុំសូមសួរថា រូបនេះលោក capture screen ក្រោយពេលទស្សនាដោយផ្ទាល់ រឺលោកទទួលពីប្រភពណាមួយ?
ខ្ញុំសូមបកស្រាយ៖ រាត្រីនោះ ជាការប្រកួតប្រដាល់វគ្គផ្តាច់ព្រ័ត្រមួយ។ យើងក៏អញ្ជើញក្រុមកំប្លែងមកលេងដើម្បីញ៉ាំងបរិយាកាសអោយរីករាយ។ នៅក្នុងឈុតមួយដែលនីឡាកំពុងកាន់ទង់ជាតិដាក់លើស្មា ពេលនោះនាយតាក់ស៊ីក៏ផ្លោះចូលសង្វៀនទាំងតេះតះធ្លាក់ចុះក្រោម រួចនីឡាក៏ទំលាក់ទង់ទុកនៅក្រោយខ្នង ហើយមកនិយាយនៅក្បែរសង្វៀន។ ប្រហែលជាភ្លេចខ្លួនបន្តិច នីឡាក៏ឈានថយក្រោយដោយមិនបានចាប់អារម្មណ៍ក៏បានជាន់បន្តិច។ ភ្លាមៗក្រុមការងាររបស់យើងក៏មកយកទង់ចេញ ដើម្បីអោយក្រុមកំប្លែងលេងបន្ត។ នីឡាពិតជាគ្មានចេតនាមែន។ពួកគាត់ជាអ្នកកំប្លែង ជាមនុស្សរបស់សាធារណៈជន និងជាអ្នកចង់បានទទួលការគាំទ្រពីមហាជន។ខ្ញុំសូមសួរថា តើគាត់ធ្វើអញ្ចឹងបានប្រយោជន៍អី? សូមរិះគន់ដោយមានហេតុផល ជាជាងការដុតបញ្ឆេះអោយខ្មែរស្អប់ខ្មែរ៕
ប្រភព ៖ khmernotes








