ជួយស៊ែរនិងចូលរូមលើកទឹកចិត្តកីឡាករយើតផង!!! គ្រូ Muangthong ថា​មិន​បន្ធូរដៃ​ឲ្យ All Star កម្ពុជា តែ​លោក គ្រូរបស់ All Star ថា...


ការប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា-ថៃដ៏កក្រើក រវាងក្រុមម្ចាស់ផ្ទះ Cambodia All Star និងក្រុមខ្លាំងថៃ Muangthong United នឹងឈានមកដល់នៅថ្ងៃទី១៦ ខែកក្កដាចុងសប្ដាហ៍នេះហើយ ស្របពេលគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតមិត្តភាពគួរឲ្យចាប់អារម្មណ៍មួយនេះ ពិសេសគឺការត្រៀមយុទ្ធសាស្ដ្រ ដើម្បីស្វែងរកជ័យជម្នះរៀងៗខ្លួន ។
លោក Totchtawan Sripan គ្រូបង្វឹកក្រុម Muangthong United បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនារសៀលថ្ងៃពុធនេះថា លោកបានដឹងច្រើនពីកីឡាករកម្ពុជា ដែលដឹកនាំដោយលោក Leonardo គឺប្រជុំទៅដោយកីឡាករខ្លាំងៗច្រើន ។ ប៉ុន្ដែយ៉ាងណាលោកនឹងមិនបន្ធូបន្ថយ ដល់ក្រុមម្ចាស់ផ្ទះឡើយ ដោយលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជ័យជម្នះត្រឡប់មកវិញ បន្ទាប់ពីក្រុមជើងឯកលីគកំពូលថៃនេះ ធ្លាប់ចាញ់ក្រុម Cambodia All Star ដោយលទ្ធផល ៤-៣ កាលពីឆ្នាំ២០១៦ ។
ដោយឡែកលោក Leonardo Vitorino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងនោះ បានលើកឡើងថា ពេលនេះក្រុម Cambodia All Star បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីទទួលក្រុម Muangthong United ហើយលោកបានចាត់ទុក នេះគឺជាការប្រកួតដ៏ល្អ ដើម្បីបង្កើនសមត្ថភាពកីឡាករមួយចំនួន នៅក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប្រកួតជម្រុះពានរង្វាន់ AFC U-23 Championships 2018 នាសប្ដាហ៍ក្រោយ និងកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខផងដែរ ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បន្ដថា «ទោះបីវាជាការប្រកួតមិត្តភាពក្ដី ប៉ុន្ដែវាជាការប្រកួតដ៏សំខាន់មួយ របស់ក្រុម Cambodia All Star ដែលយើងត្រូវព្យាយាមធ្វើឲ្យបានល្អ ដើម្បីដណ្ដើមជ័យជម្នះ ។ ហើយក្រៅពីត្រូវការលទ្ធផលឈ្នះ ឬចាញ់ យើងត្រូវការខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការប្រកួតមិត្ដភាពនេះ ក្លាយជាការប្រកួតដ៏ទាក់ទាញ និងមានគាំទ្រច្រើនទស្សនិកជន ដូចកាលពីឆ្នាំមុនដែរ» ។
គួរបញ្ជាក់ថា ជំនួបមិត្តភាពលើកទី២ រវាងក្រុមទាំងពីរខាងលើ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៦ ខែកក្កដានេះ ។ ចំពោះសំបុត្រចូលទស្សនាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់លក់តាំងពីថ្ងៃច័ន្ទកន្លងទៅម្លេះ ក្នុងតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល ។ ប៉ុន្ដែសម្រាប់ថវិកាទទួលបានពីការលក់សំបុត្រទាំងអស់ គណៈកម្មការរៀបចំការប្រកួត នឹងផ្ដល់ជូនដល់សហព័ន្ធ ដើម្បីអភិវឌ្ឍន៍លើគម្រោងសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុងនៅកម្ពុជា៕




ប្រភព ៖ khmertalking